Menu

Monday, September 14, 2015

វះកាត់​ដើមទ្រូង ៖ អត្ថ​ប្រយោជន៍ និង​ផល​ប៉ះពាល់

ការកែ​សុដន់​ឬកែ​ដើមទ្រូង​ដោយការ​វះកាត់ ភាគច្រើន​កើតមាន​ចំពោះ​ស្ដ្រីដែល​នៅលីវ និង​ស្ដ្រីវ័យ​កណ្ដាល​ដែលមាន​បញ្ហា ដើមទ្រូង​យារធ្លាក់​ខ្លាំង ដើមទ្រូង​តូច ឬ​មិនមាន​ដើមទ្រូង​តែម្ដង។ ការ​វះកាត់​កែ​ដើមទ្រូង​អាចជា​មូលហេតុ​នៃការ​វះកាត់​ព្យាបាល ជម្ងឺ និងជា​ផ្នែកមួយ​នៃការ​វះកាត់​កែសម្ផស្ស​ផងដែរ។ តើការ​វះកាត់​កែដើម​ទ្រូង​ធ្វើឡើង​ដូចម្ដេច? តើការ​វះកាត់​កែសម្ផស្ស នេះអាច​មានបញ្ហា​ដែរឬទេ? 
រូបភាពទស្សនាវដ្ដីសុខភាពយើង
ដើម្បី​ធ្វើការ​បកស្រាយ​អំពី​ការ​វះកាត់​ដើមទ្រូង​នេះជូន​ប្រិយមិត្ដ​អ្នកអាន​ទាំងឡាយ ទស្សនាវដ្ដី សុខភាពយើង បានជួប​ធ្វើ កិច្ច​សម្ភាសន៍​ជាមួយ​លោក​វេជ្ជបណ្ឌិត ធឿង ច័ន្ទសីហា អ្នក​ជំនាញ​ខាង​វះកាត់​កែសម្ផស្ស​នៅមន្ទីរ​សម្រាក​ព្យាបាល​សុខហុក។
មូលហេតុ​ដែលត្រូវ​វះកាត់​ដើមទ្រូង
នៅពេល​ដែលយើង​ឮថា​ការវះកាត់​កែ​សុដន់ យើង​តែងគិត​ថាមាន​មូលហេតុ​តែមួយ​គត់គឺ​ការកែ​សម្ផស្ស។ ផ្ទុយ​ទៅវិញនៅ មានមូល​ហេតុផ្សេង​ទៀតដែល​បណ្ដាល​អ្នកជម្ងឺ​សម្រេច​ចិត្ដទៅ​ទទួលការ​វះកាត់លើ​សុដន់។
1 . មូលហេតុ​វះកាត់ដោយការ​ព្យាបាល​ជម្ងឺ ៖ ការវះ​កាត់នេះ​អាចកើត​ឡើងដោយ​សារតែ​ការព្យា​បាលជម្ងឺ ដូចជា​មាន បញ្ហា​ដុំក្នុង​សុដន់ ឬជា​ជម្ងឺ​មហារីក​ជាដើម។ ដូចនេះ​គ្រូពេទ្យ​ត្រូវធ្វើ​ការវះកាត់​យក​ក្រពេញ​សុដន់​ចេញហើយ​ធ្វើការ​បង្កើតជា​រូបរាង សុដន់​ឡើង​វិញ ដោយ​មធ្យោបាយ​ផ្សេងៗ។
2 . មូលហេតុ​វះកាត់​ដោយការ​កែសម្ផស្ស ៖ ក្រៅពី​បញ្ហា​ព្យាបាល​ជម្ងឺ​ហើយនោះ វិធី​នេះក៏ជា​ផ្នែកមួយ​នៃការ​វះកាត់កែ សម្ផស្ស​សម្រាប់ស្ដ្រី​ទាំងឡាយ​ផងដែរ។ បញ្ហានេះ​អាចកើត​មាន​សម្រាប់​អ្នកដែល​នៅលីវ​មិនសូវ​មាន​ដើមទ្រូង ដែល​ចាំបាច់​ត្រូវការ ធ្វើឱ្យ​ខ្លួនមាន​សុដន់​ឡើងវិញ​គួរជា​ទីពេញ​ចិត្ដដោយ​ការ​វះកាត់​ដើមទ្រូង។ មួយវិញ​ទៀតគឺ​ចំពោះ​អ្នកដែល​ក្រោយពី​សម្រាល​កូនហើយ ដើមទ្រូង​មាន​សភាព​យារធ្លាក់ នេះក៏​ជាមូល​ហេតុមួយ​ដែលធ្វើ​ឱ្យគាត់​សម្រេច​ទៅធ្វើ​ការវះកាត់​កែដើម​ទ្រូង ដើម្បី​បានដើម​ទ្រូង​គួរ ជាទី​ពេញចិត្ដ​សម្រាប់​ខ្លួន។ ឯមួយ​វិញទៀត​គឺ​ចំពោះ​ស្ដ្រីវ័យ​ចំណាស់​នៅអឺរ៉ុប​គឺមក​ធ្វើការ​វះកាត់​កែសម្ផស្ស ដោយ​សារតែ​មាន​បញ្ហា ដើមទ្រូង​ធ្លាក់ខ្លាំង។
វិធី​វះកាត់​កែដើម​ទ្រូង
ចំពោះ​ការ​វះកាត់​ដើមទ្រូង​ភាគច្រើន​គេជ្រើស​រើស​យកការ​ដាក់​ស៊ីលីកូ​​​ន​ទៅក្នុង​ទ្រូង។ ស៊ីលីកូន​គឺជា​ប្រភេទ​ប្រូតេស៏ (Prothese)​ម្យ៉ាងដែល​មានរាង​ដូច​សុដន់ សភាព​ទន់ជ្រាយៗ​ដែលមាន​ទៅតាម​ទំហំ​​​របស់​មនុស្ស។ វិធី​នៃការ​វះកាត់​កែដើម​ទ្រូងនេះ យើង​ត្រូវធ្វើ​ការ​វះកាត់​នៅ​ជុំវិញ​ក្បាល​សុដន់ ហើយ​បញ្ចូល​ស៊ីលីកូន​ចូលទៅ​ក្នុង ដើម្បី​ឱ្យដើម​ទ្រូងមាន​សភាព​ប៉ោងស្អាត​តាម​ធម្មជាតិ ។ ឯវិធី​មួយវិញ​ទៀត បើ​សុដន់​ដែលធ្លាក់​ខ្លាំងគឺ​គេវះកាត់​នៅខាង​ក្រោម​សុដន់ និងអាច​វះនៅ​ខាង​ចំហៀង​តែម្ដង។ ប៉ុន្ដែភាគ​ច្រើននៃ ការ​វះកាត់​ដើមទ្រូង​នេះ គេនិយម​វះកាត់​នៅជុំវិញ​ក្បាល​សុដន់​ជាង ព្រោះ​នៅពេល​ដែលដេរ​ភ្ជិតមក​វិញធ្វើ​ឱ្យមិន​មានស្នាមអ្វីគួរ​ឱ្យកត់ សម្គាល់​នោះទេ។ ក្នុងការ​វះកាត់ គេ​ត្រូវការ​វះកាត់​ដាក់​ស៊ីលីកូន​នៅកល់​ខាងក្រោម​ក្រពេញ​សុដន់ បើក្នុង​ករណី​មិនមាន​ក្រពេញ​សុដន់ គ្រប់គ្រាន់​នោះ គេត្រូវ​ដាក់​ស៊ីលីកូន​នៅខាង​ក្រោម​សាច់ដុំ​ទ្រូងតែ​ម្ដង។
ដើមទ្រូង​គឺជា​សម្រស់​មួយផ្នែក​ដែល​ធ្វើឱ្យ​នារី​ទាំងឡាយ​មានភាព​ស្រស់ស្អាត​គួរជាទី​គយគន់ នៅពេល​ដើមទ្រូង​របស់ខ្លួន មាន​សភាព​ធំឡើង​ណែនក្បំ។ ដើម្បី​ទទួល​បាន​ដើមទ្រូង​គួរជាទី​ស្រឡាញ់​នោះ ស្ដ្រី​មួយចំនួន​សម្រេច​ចិត្ដធ្វើ​ការកែ​ដើមទ្រូង​របស់ខ្លួន ដោយ​វិធី​ផ្សេងៗ​ជាច្រើន ក្នុងនោះ​ក៏មាន​ការ​ពេញ​និយម​ចំពោះ​ការកែ​ដើមទ្រូង​ដោយការ​វះកាត់​ផងដែរ។ ការ​វះកាត់​កែ​ដើមទ្រូង ទោះបីជា​បានផ្ដល់​អត្ថ​ប្រយោជន៍​ក៏ពិត​មែន តែវាក៏​មាន​ផល​ប៉ះពាល់​មួយ​ចំនួន​ដែលត្រូវ​មានការ​ព្រួយបារម្ភ​ផងដែរ។
រូបភាពទស្សនាវដ្ដីសុខភាពយើង
សូម​លោកអ្នក​ធ្វើការ​ស្វែងយល់​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​នឹងលោក ធឿង ច័ន្ទ សីហា អ្នក​ជំនាញ​ខាង​វះកាត់​កែសម្ផស្ស​នៅមន្ទីរ​សម្រាក​ព្យាបាល​សុខហុក​ជាបន្ដ​ទៅទៀត​ជាមួយ​ការវះកាត់​កែ​ដើមទ្រូង។
ដើមទ្រូង​ជាភាព​ស្រស់ស្អាត
ទោះបី​ជាមាន​ដើមទ្រូង​តូចឬ​ធំគឺ​ជារឿង​ធម្មជាតិ តែបើ​ស្ដ្រី​ទាំងឡាយ​មានភព្វ​សំណាង​ទទួលនូវ​ដើមទ្រូង​ដែល​តឹងណែនក្បំ ល្អហើយ​នោះគឺ កាន់តែ​ផ្ដល់​ភាព​ទាក់ទាញ និង​ជាទី​ពេញចិត្ដ​មួយផ្នែក​ទៀតនៃ​សម្រស់​របស់​ពួកគេ។ ដើម្បី​បំពេញ​បំណង​ប្រាថ្នាដែលចង់​បាននូវ​ដើមទ្រូង​ដ៏​ស្រស់ស្អាត ស្ដ្រីមួយ​ចំនួន​ដែលមាន​បញ្ហា​ដើមទ្រូង​តូចយារធ្លាក់គ្មាន​ក្រពេញ​សុដន់ បាន​ជ្រើសរើស​យក​វិធីកែដើមទ្រូង​របស់ខ្លួន​ដោយការ​វះកាត់។ ស្ដ្រី​ទាំងឡាយ​តែង​ទទួលបាន​ដើមទ្រូង​គួរជា​ទីពេញ​ចិត្ដ​បន្ទាប់ពី​ទទួលការ​វះកាត់ តែ​ទន្ទឹម​នឹងនោះ​ការវះកាត់​កែ​ដើមទ្រូង ក៏អាច​មានផល​ប៉ះពាល់​មួយ​ចំនួន​ផងដែរ។
ផល​ប៉ះពាល់​នៃការ​វះកាត់​ដើមទ្រូង
ដើម្បី​ចៀសវាង​នូវ​បញ្ហា​មួយចំនួន មុននឹង​ធ្វើការ​វះកាត់ ក្រុម​គ្រូពេទ្យ​ជំនាញ​ត្រូវដឹង​អំពី​អ្នក​ជម្ងឺថា​ស្បែកមាន​ប្រតិកម្មជា មួយ​អ្វីទេ មាន​បញ្ហា​ឈាម​ក្រកក​ឬទេ ត្រូវថត​សុដន់​មើលថា​មានដុំ​អ្វីនៅក្នុង​នោះទេ ដើម្បី​ឱ្យដឹង​ថាជា​ដុំ​មហារីក​ឬមិនមែន។ បើមិនជាដុំ​មហារីក យើងអាច​ធ្វើការ​វះកាត់​បាន តែបើ​ជាដុំ​មហារីក​វិញនោះ ប្រការ​ល្អកុំ​វះកាត់​ចៀសវាង​មានបញ្ហា ចំពោះ​ការតាមដាន​មហារីក​នេះដែល​អាច​បាំង​ដោយ​សារ​ស៊ីលីកូន។ ជា​បញ្ហា​មួយ​ដែលត្រូវ​ព្រួយបារម្ភ​ខ្លាំង​បំផុត​ចំពោះ​ស្ដ្រីដែល​មានវ័យ​ជាង៤០​ឆ្នាំ គឺមាន​ការ​លំបាក​នៅពេល​ដែលចង់​ទៅឆ្លុះ​ពិនិត្យ​រកដុំ​ក្នុង​សុដន់​គឺអាច​ច្រឡំ​ជាមួយ​នឹង​ដុំស៊ីលីកូន ធ្វើឱ្យ​យើង​មិនអាច​ដឹងច្បាស់។ ដូច នេះជា​ប្រការ​មួយ​ដែលត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ស្ដ្រី​ដែលមាន​វ័យជាង​៤០ឆ្នាំ​នេះ បន្ទាប់ពី​ការវះ​កាត់​ដើមទ្រូង​រួច។
ដំបូន្មាន​អ្នក​ជំនាញ
បន្ទាប់ពី​ការព្យាបាល​រួច យើងត្រូវ​មកពិនិត្យ​តាមការ​ណាត់ជួប​របស់​វេជ្ជបណ្ឌិត​ដើម្បី​ធ្វើការ​តាមដាន។ នៅពេល​មានផ្ទៃ ពោះ​បើសិន​ជាអាច​មិនត្រូវ​បំបៅ​ដោះកូន​នោះទេ ព្រោះអាច​ធ្វើឱ្យ​ដោះរីក និងមាន​ការ​ប្រែប្រួល​ឡើងវិញ។ តែ​ភាគច្រើន​ស្ដ្រីដែល​មក ធ្វើការ​វះកាត់​នេះគឺ​មិនសូវ​ចង់បាន​កូនប៉ុន្មាន​ទេ។ ប្រការ​ដែលគួរ​ធ្វើមួយ​ទៀត គឺ​នៅ​​​​​​ពេល​ដែល​ងូតទឹក​ឧស្សាហ៍​ស្ទាប​ដោយ​លើកដៃ ឡើង​ហើយ​ស្ទាបថា​មានដុំ​ពកក​ន្លែងណា​ទេ បើសិន​ជាមាន​ពកត្រូវ​រួសរាន់​មកធ្វើ​ការពិនិត្យ​មើលឱ្យ​ទាន់ពេល​វេលា ដើមី្ប​ដឹងថា​ជាដុំស៊ីលីកូន ឬជា​ដុំអ្វីផ្សេង​ពីនេះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩

No comments:

Post a Comment